ឯកឧត្តម នេត្រ ភ​ក្ត្រា ផ្ញើ​សារ​ថ្វាយព្រះព​រ ព្រះមហាក្សត្រ ក្នុងឱកាស​ព្រះរាជ​ពិធី​បុណ្យខួប​គម្រប់ ១៩​ឆ្នាំ នៃ​ការយាង​គ្រង​រាជសម្បត្តិ

(​ភ្នំពេញ​)៖ ​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រី​ក្រសួង​ព័ត៍មាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​ព័ត៍មាន បាន​ផ្ញើ​សារ​ថ្វាយព្រះពរ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុង​ឱកាស​ព្រះរាជ​ពិធី​ដ៏​ឧត្ដុង្គឧត្ដម​ប្រសើរ​ថ្លៃថ្លា នៃ​ព្រះរាជ​ពិធី​បុណ្យខួប​លើក​ទី​១៩ នៃ​ការយាង​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ​របស់​អង្គ​។

​ឯកឧត្តម​រដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​ព័ត៍មាន សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក គុណបុណ្យ​ព្រះ​រតនៈ ត្រ័យ​កែវ​ទាំងបី : ទេវតា​ថែរក្សា​ព្រះមហា​ស្វេតច្ឆត្រ បុណ្យ​បារមី​នៃ​ព្រះ​វិញ្ញាណក្ខន្ធ​អតីតព្រះមហាក្សត្រ ព្រះមហា ក្សត្រិយានី​ខ្មែរ ពិសេស​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​បរម​រតន​កោដ្ឋ សូម​តាម​ប្រោះព្រំ​ទ្រទ្រង់​ថែរក្សា ព្រះករុណា​ជា អ​ម្ចាស់ជីវិតលើត្បូង និង សម្តេច​ព្រះវររាជ​មាតា​ជាតិខ្មែរ​ជាទី​គោរព​សក្ការៈ យូរអង្វែង​តរៀង​ទៅ ។ សូម ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ទ្រង់​ព្រះរាជ​មេត្តា​ទទួល​នូវ​អភិវន្ទន​កិច្ច​ដ៏​ខ្ពង់ខ្ពស់​បំផុត​ពី​ទូលព្រះបង្គំ​យើងខ្ញុំ​។

​សូមបញ្ជាក់​ថា ថ្ងៃអាទិត្យ ១៥​កើត ខែ​អស្សុជ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២៣ គឺជា​ខួប​លើក​ទី​១៩​ឆ្នាំ នៃ​ការឡើង​គ្រង​រាជសម្បត្តិ​របស់ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្ដម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះអង្គ​ព្រះរាជ​សម្ភព នា​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​១៩៥៣​។ ទ្រង់​ជា​ព្រះរាជបុត្រ​របស់ ព្រះករុណា​ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះ​បរម​រតន​កោដ្ឋ និង​សម្ដេច​ព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ​។ ព្រះអង្គ​ត្រូវ​បាន​ក្រុមប្រឹក្សារាជសម្បត្តិ​ជ្រើសតាំង​ជា ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បន្ត​ពី​ព្រះបិតា ក្រោយពេល​ដែល​ព្រះ​បរម​រតន​កោដ្ឋ បាន​ដាក់​រាជ្យ​កាលពី​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០០៤៕​

You might like

Leave a Reply

Your email address will not be published. Required fields are marked *