(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៍មាន និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការទាំងអស់នៃក្រសួងព័ត៍មាន បានផ្ញើសារថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសព្រះរាជពិធីដ៏ឧត្ដុង្គឧត្ដមប្រសើរថ្លៃថ្លា នៃព្រះរាជពិធីបុណ្យខួបលើកទី១៩ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់អង្គ។
ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការទាំងអស់នៃក្រសួងព័ត៍មាន សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនៈ ត្រ័យកែវទាំងបី : ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ បុណ្យបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហា ក្សត្រិយានីខ្មែរ ពិសេសព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ សូមតាមប្រោះព្រំទ្រទ្រង់ថែរក្សា ព្រះករុណាជា អម្ចាស់ជីវិតលើត្បូង និង សម្តេចព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈ យូរអង្វែងតរៀងទៅ ។ សូម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់ព្រះរាជមេត្តាទទួលនូវអភិវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំយើងខ្ញុំ។
សូមបញ្ជាក់ថា ថ្ងៃអាទិត្យ ១៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ គឺជាខួបលើកទី១៩ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គព្រះរាជសម្ភព នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣។ ទ្រង់ជាព្រះរាជបុត្ររបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ។ ព្រះអង្គត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងជា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បន្តពីព្រះបិតា ក្រោយពេលដែលព្រះបរមរតនកោដ្ឋ បានដាក់រាជ្យកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០៤៕