(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ហួត ហាក់ បានដាក់ក្ដីរំពឹងខ្ពស់ចំពោះការកើនឡើងភ្ញៀវទេសចរមូស្លីមចូលមកលេងកម្សាន្តនៅកម្ពុជា អាចនឹងកើនឡើងដល់ទៅជាង៤០ម៉ឺននាក់ ខណៈដែលឆ្នាំនេះកម្ពុជាយើងទទួលបានជាង៣០ម៉ឺននាក់ ។ ក្ដីរំពឹងនេះក្រោយពេលក្រុមការងារកាន់ផ្នែកទេសចរណ៍មូស្លីមនៃក្រសួងទេសចរដែលដឹកនាំដោយលោក កទើ មហាំម៉ាត់ណោស្រ៊ី ជារដ្ឋលេខាធិកា និងលោក មហាំម៉ាត់ យូណេះ ជាអនុរដ្ឋលេខា ព្រមទាំងក្រុមការងារទាំងអស់ បាននិងកំពុងខិតខំធ្វើការលើរឿងនេះបានយ៉ាងល្អបំផុត។
ជាមួយនឹងស្នាមញញឹមឡើងថ្លែងសន្តរកថារបស់លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅក្នុងវេទិកា ” ទេសចរណ៍មូស្លីមកម្ពុជាឆ្នាំ២០២៤ ” ក្រោមមូលបទ ” ភាពស្រស់ស្អាតនៃសុខដុមនីយកម្ម និងគោលដៅទេសចរណ៍មូស្លីម ” នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២៤នេះ, ផែនការ និងទិសដៅត្រូវបានកំណត់ និងអនុវត្តន៍ឲ្យកាន់តែល្អប្រសើរឡើង ដើម្បីឆ្ពោះទៅកាន់ការបម្រើដល់សេចក្ដីត្រូវការសម្រាប់ទេសចរណ៍មូស្លីម ពោលគឺអ្នកទេសចរមូស្លីមនៅឯបរទេសសម្បូរលុយកាក់ណាស់ គេចង់មកចាយវាយ ដើរលេងកម្សាន្តនៅកម្ពុជាយើង ដូច្នេះយើងជាម្ចាស់ផ្ទះចាំបាច់ណាស់ត្រូវធ្វើបដិសណ្ឋារកិច្ចឲ្យស្របទៅតាមសេចក្ដីត្រូវរបស់ភ្ញៀវមូស្លីមគ្រប់រូប, នេះបើតាមលោករដ្ឋមន្ត្រី ។
រដ្ឋមន្ត្រីដដែល បានថ្លែងកោតសរសើរដល់ក្រុមការងារទេសចរណ៍មូស្លីមដែលបានខិតខំធ្វើការលើរឿងនេះបានយ៉ាងល្អនាពេលកន្លងទៅ ហើយលើកទឹកចិត្តឲ្យខិតខំបន្តទៀតឲ្យកាន់តែធំឡើងៗ ដើម្បីទាញភ្ញៀវទេសចរណ៍មូស្លីមអ្នកមានៗនៅបរទេសមកលេងស្រុកយើងឲ្យកាន់តែច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ ។
ជាមួយគ្នានេះដែរ លោក កទើ មហាំម៉ាត់ណោស្រ៊ី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ នៅក្នុងបទសម្ភាសន៍ជាមួយ លោក ស្លៃម៉ាន ហ្វាន់ទី អ្នកយកព័ត៌មានមូស្លីមនៃអង្គភាព Fresh News បានថ្លែងពន្យល់លម្អិតជាច្រើនពីរបៀបរបបនៃការរៀបចំការទទួលបដិសណ្ឋារកិច្ចតាំងពីថ្នាក់មូលដ្ឋាន និងគ្រប់ទីតាំងទេសចរដើម្បីឆ្លើយតបនឹងសេចក្ដីត្រូវការរបស់ភ្ញៀវទេចសរណ៍មូស្លីមមកលេងកម្សាន្ត ពិសេសតំបន់ទេសចរណ៍វប្បធម៍យើង គឺ ” ប្រាសាទអង្គរវត្ត “។
លោករដ្ឋលេខាសង្កត់ធ្ងន់លម្អិតលើពាក្យថា ” ទេសចរណ៍មូស្លីម ” មិនមែនសំដៅលើកិច្ចការសាសនាឥស្លាមទេ គឺចង់បញ្ជាក់ថា អ្នកមកលេងកម្សាន្តទាំងនោះ គឺជាជនមូស្លីម ដូច្នេះអ្នកមូស្លីមមានរបៀបរបបច្រើនតាំងពីការទទួលទានអាហារដែលមានស្លាកសញ្ញាហាឡាល់ ទីតាំងថ្វាយបង្គុំ បន្ទប់ទឹកដែលឆ្លើយតបដល់ការយកទឹកថ្វាយបង្គុំ ជាដើម។ បើសិនយើងរៀបចំបានគ្រប់ ហើយបានល្អ និងគ្រប់ទីតាំងថែមទៀតនោះ អ្នកទេសចរណ៍មូស្លីមប្រាកដជាមកលេងយើងកាន់តែច្រើនឡើងៗមិនខាន ដែលនេះពិតជាប្រសើរណាស់សម្រាប់ផលប្រយោជន៍ប្រជាជាតិយើងទាំងមូលតែម្ដង ដូច្នេះតោងដល់គ្រប់វិស័យឯកជន និងពលរដ្ឋយើងទាំងអស់ ត្រូវរួមគ្នាផ្សព្វផ្សាយទីតាំងទេសចរណ៍យើងឲ្យបានច្រើន ពិសេសគឺខាង មេឌា ពោលគឺខាងសារព័ត៌មានធំៗ តួយ៉ាងដូចជា អង្គភាព Fresh News ដ៍ល្បីល្បាញ និងធំបំផុតជាដើម ៕