(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភត្រា បានថ្លែងជម្រុញដល់សមាគមអភិរក្សដំរីខ្មែរ អៃរាវត្តា (Airavata) ខិតខំចងក្រងរឿងរ៉ាវល្អៗនិងរឿងកម្រ ទាក់ទងនឹងសត្វដំរីក្នុងសមាគមខ្លួន ដើម្បីផ្សព្វផ្សាយទៅកាន់សាធារណជន ឱ្យពួកគាត់បានយល់កាន់តែស៊ីជម្រៅពីសារៈសំខាន់របស់សត្វដំរីក្នុងប្រព័ន្ធអេកូឡូស៊ី និងបុគ្គលិកលក្ខណៈរបស់សត្វដំរី។
លោករដ្ឋមន្ត្រី បានជម្រុញយ៉ាងដូច្នេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី ខៃ ចិន្តា ប្រធានក្រុមប្រឹក្សាភិបាល សមាគមមូលនិធិអភិរក្សដំរីខ្មែរអៃរាវត្តា (Airavata) ក្នុងជុំរំអភិរក្សដំរី ស្ថិតនៅភូមិកាទៀង ឃុំល្បាំងពីរ ស្រុកលំផាត់ ខេត្តរតនគិរី នារសៀលថ្ងៃទី១០ ខែវិច្ឆកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងព័ត៌មាន។
លោករដ្ឋមន្ត្រីបានថ្លែងសន្យាថានឹងបន្តផ្តល់ការគាំទ្រផ្នែកផ្សព្វផ្សាយដល់សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា (Airavata) ដើម្បីចូលរួមបណ្តុះស្មារតីស្រឡាញ់និងអភិរក្សសត្វដំរីនៅកម្ពុជាឱ្យកាន់តែទូលំទូលាយ។
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងពីសន្ទុះវិជ្ជមាននៃការស្រឡាញ់ និងអភិរក្សសត្វព្រៃពីប្រជាជនកម្ពុជា នៅក្នុងរយៈពេលចុងក្រោយនេះ។ ក្នុងស្មារតីនេះ លោករដ្ឋមន្ត្រីបើកចំហរក្នុងការផ្តល់កិច្ចសហការផ្សព្វផ្សាយដល់សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា (Airavata) នៅតាមប្រព័ន្ធផ្សព្វផ្សាយនានារបស់ក្រសួង។
លោកស្រី ខៃ ចិន្តា ប្រធានក្រុមប្រឹក្សាភិបាល សមាគមមូលនិធិអភិរក្សដំរីខ្មែរអៃរាវត្តា (Airavata) បានអរគុណដល់លោករដ្ឋមន្ត្រី ហើយសន្យាខិតខំលើការងារផ្ដាំផ្ញើរនេះឲ្យអស់ពីសមត្ថភាព៕