(ហ្កាហ្សា)៖ ពលរដ្ឋស្លូតត្រង់ប៉ាឡេស្ទីនត្រូវបានក្រសួងសុខាភិបាលនៅតំបន់ Gaza Strip រាយការណ៍ឱ្យដឹងនៅថ្ងៃអាទិត្យនេះថា បានស្លាប់កើនលើស៨,០០០នាក់ហើយ ក្នុងដែនដីប៉ាឡេស្ទីនមួយនេះ គិតចាប់តាំងពីអ៉ីស្រាអែលបានវាយប្រហារមិនរើសមុខ ចាប់តាំងពីថ្ងៃទី៧ ខែតុលា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៩ ខែតុលា ឆ្នាំ២០២៣។
ក្រសួងសុខាភិបាល Gaza បានប្រាប់ AFP យ៉ាងដូច្នេះថា «តួលេខដែលបានស្លាប់ដោយសារការធ្វើសង្គ្រាមរបស់អ៉ីស្រាអែល គឺបានបន្តកើនហួស៨,០០០នាក់ហើយ ខណៈនៅក្នុងចំណោមនោះប្រហែលពាក់កណ្តាល គឺជាកុមារ»។ ដោយឡែក កាលពីថ្ងៃសៅរ៍ អាជ្ញាធរតំបន់ Gaza បានរាយការណ៍ថា តួលេខអ្នកស្លាប់ស្ថិតនៅចំនួន៧,៧០៣នាក់។
គួរបញ្ជាក់ថា សង្គ្រាមនៅតំបន់ Gaza បានចាប់ផ្តើមផ្ទុះឡើង បន្ទាប់ពីក្រុមហាម៉ាស បានបាញ់ស្រោចមីស៉ីលរាប់ពាន់គ្រាប់ ហើយថែមទាំងបញ្ជូនខ្មាន់កាំភ្លើងជាច្រើននាក់ ឱ្យឆ្លងពីតំបន់នេះចូលទៅធ្វើការវាយលុកយ៉ាងភ្ញាក់ផ្អើល លើភាគខាងត្បូងប្រទេសអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា។ បើតាមការអះអាងរបស់ក្រុមមន្ត្រីអ៉ីស្រាអែល ការឆ្មក់វាយលុកទ្រង់ទ្រាយធំនោះ បានសម្លាប់មនុស្សយ៉ាងហោចជាង១,៤០០នាក់ ដែលភាគច្រើនគឺជាជនស៉ីវិល ហើយមនុស្សជាង២០០នាក់ផ្សេងទៀត ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងយកទៅតំបន់ Gaza៕