អា​រ៉ាប៊ីសាអូឌីត ផ្អាក​កិច្ចព្រមព្រៀង​ជាមួយ​អ៉ីស្រាអែល និង​ទាមទារ​ឲ្យមាន​ការសម្បទាន​សម្រាប់​ប៉ាឡេ​ស្ទីន​ក្នុង​កិច្ចពិភាក្សា​នា​ពេល​ឆាប់ៗ

(​រី​យ៉ាដ​)៖ ​អា​រ៉ាប៊ីសាអូឌីត បានសម្រេច​ផ្អាក​កិច្ចព្រមព្រៀង​ភ្ជាប់​ទំនាក់ទំនង​ជា​ប្រក្រតី​ជាមួយ​អ៉ីស្រាអែល និង​ទាមទារ​ឲ្យមាន​ការសម្បទាន​សម្រាប់​ប៉ាឡេ​ស្ទីន​ក្នុង​កិច្ចពិភាក្សា​នា​ពេល​ឆាប់ៗ​ខា​ឪ​ង​មុខ​។ នេះ​ជា​សញ្ញា​មួយ​នៃ​ការគិតគូរ​ឡើងវិញ​ពី​គោលនយោបាយ​ការបរទេស​ជា​អាទិភាព​របស់​ខ្លួន នៅ​ចំពោះមុខ​សង្គ្រាម​រវាង​អ៉ីស្រាអែល និង​ហា​ម៉ាស​។ នេះ​បើ​តាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅ​ថ្ងៃ​សៅរ៍ ទី​១៤ ខែតុលា ឆ្នាំ​២០២៣​។

​ព្រះអង្គម្ចាស់​រជ្ជទាយាទ​អា​រ៉ាប៊ីសាអូឌីត មហាំម៉ាត់ ប៊ីន សាល់​ម៉ាន បាន​បើក​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​ជា​លើក​ដំបូង​ជា​មួយ​ប្រធានាធិបតី​អ៉ីរ៉ង់ លោក អ៉ី​ប្រា​ហ៉ី​ម រ៉ៃ​ស៊ី ខណៈ​ទីក្រុង​រី​យ៉ាដ កំពុង​ព្យាយាម​រារាំង​កុំឱ្យ អំពើហិង្សា​រាលដាល​នៅ​ទូទាំង​តំបន់​មជ្ឈិមបូព៌ា​ទាំងមូល​។

​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ដោយ​ផ្អែក​លើ​ប្រភព​ដែល​ខ្លួន​ទទួលបាន បានឱ្យដឹងថា​នឹង​មាន​ការផ្អាក​កិច្ចចរចា​សម្របសម្រួល​ដោយ​សហរដ្ឋ​អាមេរិក​ស្ដីពី ការភ្ជាប់​ទំនាក់ទំនង​ជា​ប្រក្រតី​រវាង​អា​រ៉ាប៊ីសាអូឌីត និង​អ៉ីស្រាអែល ដោយ​ទីក្រុង​រី​យ៉ាដ មិន​អាច​បន្ត​កិច្ចចរចា​ក្នុងពេល​ឥលូវ​នេះ​បាន​ទេ ហើយ​បញ្ហា​នៃ​ការធ្វើ សម្បទាន​របស់​អ៉ីស្រាអែល សម្រាប់​ប៉ាឡេ​ស្ទីន នឹង​អាច​ក្លាយ​ជា​អាទិភាព​មួយ​ដ៏​ធំ នៅពេល​កិច្ចពិភាក្សា​ចាប់ផ្ដើម​ឡើង​វិញ​។ ប៉ុន្តែ រដ្ឋាភិបាល​អា​រ៉ាប៊ីសាអូឌីត មិនបាន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទេ​ចំពោះ​ការចុះផ្សាយ​របស់ Reuters​។

​គួរបញ្ជាក់​ថា នៅមុន​សង្គ្រាម​រវាង​អ៉ីស្រាអែល និង​ក្រុម​ហា​ម៉ាស ផ្ទុះឡើង​កាលពី​ថ្ងៃ​សៅរ៍​មុន​មក អា​រ៉ាប៊ីសាអូឌីត និង​អ៉ីស្រាអែល ត្រូវបាន​រាយការណ៍​ថា​មាន ភាព​រីកចម្រើន​ទៅមុខ​គួរឱ្យកត់សម្គាល់​ឆ្ពោះទៅ​រក​កិច្ចព្រមព្រៀង​មួយ​ដែល​អាច​ធ្វើឱ្យ​តំបន់​មជ្ឈិមបូព៌ា​ផ្លាស់ប្ដូរ​៕​

You might like

Leave a Reply

Your email address will not be published. Required fields are marked *