ម៉ាឡេស៊ី​ប្រកាស​វិធានការ​ទប់ស្កាត់​តម្លៃ​អង្ករ​មិន​ឲ្យ​ហក់​ឡើង និង​រក្សា​ស្ថិរភាព​តម្លៃ​ទំនិញប្រើប្រាស់​ទូទៅ

(​កូឡា​ឡាំ​ពួរ​)៖ កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​ប្រកាស​ពី​ការឧបត្ថម្ភ​ធន និង​វិធានការ​ផ្សេងៗ​ដើម្បី​ទប់ស្កាត់​កំណើន​តម្លៃ​អង្ករ​ក្នុង​គ្រា​ដែលមាន​ក្តីបារម្ភ​អំពី​ការកើនឡើង​តម្លៃ​ទំនិញ​ប្រើប្រាស់ និង​កង្វះ​ការផ្គត់ផ្គង់​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័រ​។

​បណ្តា​ប្រទេស​នៅ​ទូទាំង​តំបន់​អាស៊ី​បាន​មើលឃើញ​ការផ្គត់ផ្គង់​កាន់តែ​ទាប និង​តម្លៃ​អង្ករ​កាន់តែ​ឡើងថ្លៃ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ដោយសារ​ការកើនឡើង​សីតុណ្ហភាព​គំរាមកំហែង​ដល់​ការប្រមូល​ផល ហើយ​ប្រទេស​នាំចេញ​អង្ករ​ធំៗ​ដូចជា​ឥណ្ឌា បាន​ដាក់​កម្រិត​លើ​ការនាំ​ចេញ​ដើម្បី​ទប់ស្កាត់​អតិផរណា និង​ធានា​សន្តិសុខ​ស្បៀង​។

​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័របាន​រាយការណ៍​ថា ម៉ាឡេស៊ី​កំណត់​តម្លៃ​អង្ករ​ស​ក្នុងស្រុក​ក្នុងតម្លៃ ២,៦០ រីង​ហ្គី​ត​ម៉ាឡេស៊ី (០,៥៥ ដុល្លារ​) ក្នុង​មួយ​គីឡូក្រាម​។

​យោង​តាម​ក្រុមហ៊ុន Bernas ដែលជា​ក្រុមហ៊ុន​នាំចូល​អង្ករ​រដ្ឋ តម្លៃ​លក់រាយ​អង្ករ​ស​ដែល​បាន​នាំ​ចូល​ត្រូវ​បាន​ប៉ាន់ប្រមាណ​ថា​បាន​កើនឡើង​ដល់​ទៅ ៣១​ភាគរយ​ពី ២,៩​រីង​ហ្គី​តដល់ ៣,៨​ក្នុង​មួយ​គីឡូក្រាម ដែល​ជំរុញ​ឱ្យ​មាន​ការកើនឡើង​តម្រូវការ​គ្រាប់​ធញ្ញជាតិ​ក្នុងស្រុក​។

​ម៉ាឡេស៊ី​ដែល​ជា​ប្រទេស​មាន​ប្រជាជន​ជាង ៣២​លាន​នាក់ បាន​នាំ​ចូល​អង្ករ​ប្រមាណ ៣៨​ភាគរយ​នៃ​តម្រូវការ​អង្ករ​របស់ខ្លួន ហើយ​បាន​ពិភាក្សា​ជាមួយ​ប្រទេស​ឥណ្ឌា​កាលពី​សប្តាហ៍​មុន​ស្តីពី​ការដកកា​ររឹតបន្តឹ​ង​ការនាំចេញ​។

​ក្រសួង​កសិកម្ម និង​សន្តិសុខ​ស្បៀង​ម៉ាឡេស៊ី​បានឱ្យដឹងថា ខ្លួន​នឹង​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ចំនួន ៩៥០​រីង​ហ្គី​ត (២០១,៧៨​ដុល្លារ​) ក្នុង​មួយ​តោន​សម្រាប់​អង្ករ​ស​ដែល​នាំ​ចូល​ក្នុង​រដ្ឋ​សា​បា និង​រដ្ឋ​សា​រ៉ា​វ៉ា​ក​ចាប់ពី​ថ្ងៃ​ទី​៥ ខែតុលា​តទៅ​។

​ការឧបត្ថម្ភ​ធន​នេះ​នឹង​អាច​ឱ្យ​អង្ករ​ស​ដែល​នាំចូល​មានតម្លៃ​លក់រាយ ៣១​រីង​ហ្គី​ត​ក្នុង ១០ គីឡូក្រាម​ក្នុង​រដ្ឋ​ទាំងពីរ​នេះ ដែល​ស្ថិត​ក្នុង​ចំណោម​រដ្ឋ​ដែល​មាន​ប្រជាជន​ច្រើនជាងគេ​របស់​ម៉ាឡេស៊ី​។ ក្រសួង​ក៏​បាន​ស្នើ​ឱ្យ​អាជ្ញាធរ​ទីផ្សារ​កសិកម្ម​សហព័ន្ធ​បង្កើន​ការ​ចែកចាយ​អង្ករ​ស​ក្នុងស្រុក​ទៅកាន់​តំបន់​ជនបទ​ផងដែរ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័រ​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *