UPDATE: ពិ​ជា​អាសូ​រណាស់​! បងប្អូន​មូស្លីម​ស្លាប់​កើន​ដល់​លើស ២១,០០០​នាក់​ហើយ​ក្នុង​គ្រោះ​រញ្ជួយ​ដី នៅ​ប្រទេស​តួរ​គី និង​ស៊ី​រី

(​អង់កា​រ៉ា​)៖ ពិតជា​លើសពី​អាណិត ដែល​បងប្អូន​មូស្លីម​បាន​ស្លាប់​កើនឡើង​លើស ២១,០០០​នាក់​ហើយ ក្នុង​គ្រោះ​រញ្ជួយ​ផែនដី​ដ៏​សាហាវ​ខ្លាំងក្លា​បំផុត​មួយ កម្រិត ៧.៨​រ៉ិ​ចទ័​រដឺល​បាន​វាយប្រហារ​លើ​ប្រទេស​តួរ​គី និង​ស៉ី​រី កាលពី​វេលា​ទាបភ្លឺ ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​កន្លងទៅ​នេះ​។ នេះ​បើ​តាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃ​សុក្រ ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២៣​។​

​យោងតាម​ទីភ្នាក់ងារ​តាមដាន​គ្រោះ​រញ្ជួយ​ដី​អាមេរិក USGS ចំណុច​រំ​ញ័រ​របស់​គ្រោះ​រញ្ជួយ​ដី​ខាងលើ​ស្ថិតនៅ​ក្បែរ​ទីក្រុង​មួយ​ឈ្មោះ ហ្កា​ហ្សៀ​ន​តិ​ប (Gaziantep) របស់​តួរ​គី​ស្ថិត នៅក្បែរ​ព្រំដែន ស៊ី​រី ដែល​មាន​មនុស្ស​រស់​នៅ​ប្រហែល​២​លាន​នាក់ ហើយ​វា​មាន​ជម្រៅ​ប្រហែល​១៨​គីឡូម៉ែត្រ​ក្រោម​ផ្ទៃដី​។ ហេតុការណ៍​នោះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​ខ្ទង់​ជាង ៤​ទាបភ្លឺ​ថ្ងៃ​ចន្ទ ហើយ​ប៉ុន្មាន​ម៉ោង​ក្រោយមក ក៏​មាន​រញ្ជួយ​ដី​ធំ​មួយ​ទៀត​កម្រិត ៧.៦​រ៉ិ​ចទ័​រកើត​ឡើង​ផងដែរ រួម​ជាមួយ​ការ​ញ័រ​រញ្ជួយ​កម្រិត​តូចៗ​បន្តបន្ទាប់​ទៀត​ជាច្រើន​។ លើក​ចុងក្រោយ​បំផុត ដែល​គ្រោះ​រញ្ជួយ​ដី​កម្រិត ៧.៨​រ៉ិ​ចទ័​រ បាន​វាយប្រហារ​ចំ​ម្តុំ​តំបន់​នេះ គឺ​កាលពី​ឆ្នាំ​១៩៣៩ ដែល​បាន​សម្លាប់​មនុស្ស​រហូត​ដល់ ៣៣,០០០​នាក់ នៅក្នុង​ប្រទេស​តួរ​គី​។​

​អាជ្ញាធរ​នៅក្នុង​ប្រទេស​តួរ​គី កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ បានឱ្យដឹងថា ចំនួន​អ្នក​ស្លាប់​បាន​កើន​ដល់ ១៧,៦៧៤​នាក់ ខណៈ​នៅ​ស៊ី​រី ចំនួន​អ្នក​ស្លាប់​ក៏​ត្រូវបាន​គេ​រាយការណ៍ ដែរ​ថា​បាន​កើន​ដល់ ៣,៣៧៧​នាក់ ហើយ​បូក​បញ្ចូល​តួលេខ​ទាំងនេះ​ចូល​គ្នា​ធ្វើ​ឱ្យ​ចំនួន​អ្នកស្លាប់​កើន​ដល់ ២១,០៥១​នាក់​។ ក្រៅពី​មនុស្ស​ស្លាប់​យ៉ាង​រង្គាល​បែបនេះ អគារ​រាប់ពាន់ ខ្នង​បាន​ដួល​រំលំ​កម្ទេ​ចខ្ទី នៅក្នុង​ប្រទេស​ទាំង​ពីរ ហើយ​មនុស្ស​រាប់​ម៉ឺន​នាក់​នៅក្នុង​ប្រទេស​ទាំង​២​បាន​រងរបួស​ដោយសា​រ​គ្រោះ​រញ្ជួយ​ដី​នេះ​។ បន្ថែម​ពីលើ​នេះ ទំហំ​ខូចខាត​បង្កឡើង​ដោយ គ្រោះ​រញ្ជួយ​ដី​នៅ​តួ​ក​គី ត្រូវបាន​គេ​ប៉ាន់ស្មាន​ជា​បឋម​ថា​គិត​ជា​ទឹកប្រាក់​លើស ៤​ពាន់​លាន​ដុល្លារ ខណៈ​នៅ​ស៊ី​រី​កំពុងស្ថិត​នៅ​ក្រោម​ការវាយតម្លៃ​នៅឡើយ​។​

​គួរបញ្ជាក់​ថា អង្គការ WHO ក៏​ធ្លាប់បាន​ព្រមាន​ដែរ​ថា​ចំនួន​អ្នក​ស្លាប់​អាច​នឹង​កើនឡើង​ដល់ ២០,០០០​នាក់ ហើយ​មនុស្ស​ប្រហែល​ជាង ២៣​លាន​នាក់ នៅក្នុង​ប្រទេស​ទាំង​ពីរ អាច​នឹងរង​ផល​ប៉ះពាល់​ពី​គ្រោះ​រញ្ជួយ​ដី​នេះ​។ ចំនួន​ស្លាប់​ត្រូវបាន​គេ​ជឿជាក់​ថា​អាច​នឹង​បន្ត​កើនឡើង ស្របពេល​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​នៅ​តែ​បន្ត​ធ្វើ​ឡើង ទោះជា​មាន​សង្ឃឹម​តិចតួច ក៏ដោយ​៕​

You might like

Leave a Reply

Your email address will not be published. Required fields are marked *