រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​៖​កំណែទម្រង់រដ្ឋបាល​សាធារណៈ​ត្រូវ​ផ្ដើមចេញ​ពី​ការពង្រឹង​ស្ថាប័ន ការពង្រឹង​សមត្ថភាព​មន្ត្រី និង​ការលើកទឹកចិត្ត

(​ភ្នំពេញ​)៖ លោក នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​លើកឡើង​ថា ការពង្រឹង​ស្ថាប័ន ការពង្រឹង​សមត្ថភាព​មន្ត្រី និង​ការលើកទឹកចិត្ត គឺជា​ចំណុច​សំខាន់​នៃ​ដំណើរការ​កែទម្រង់ រដ្ឋបាល​សាធារណៈ ហើយ​សម្រាប់​ការធ្វើកំណែទម្រង់​នេះ ក្រសួង​ព័ត៌មាន​គឺ​មាន​ការពាក់ព័ន្ធ​ចំនួន​៣ ដែល​ត្រូវ​ធ្វើ​រួមមាន​៖ កំណែទម្រង់រដ្ឋបាល​សាធារណៈ​, ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ និង​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​។

​ការលើកឡើង​របស់​រដ្ឋ​មន្ដ្រី​បែប​នេះ ក្នុងឱកាស​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​តម្រង់​ទិស​ទស្សនាទាន​នៃ​កំណែទម្រង់រដ្ឋបាល​សាធារណៈ នា​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​ទីស្តីការក្រសួង​ព័ត៌មាន​។

​លោក នេត្រ ភ​ក្ត្រា បានលើកឡើង​ពី​សារៈសំខាន់ នៃ​សិក្ខាសាលា​នា​ឱកាស​នេះ ដែល​ពាក់ព័ន្ធ​ដល់​ដំណើរការ​កំណែទម្រង់​រដ្ឋបាលសា​ធា​រណៈ ជា​កិច្ចការងារ​មួយ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ជា​អាទិភាព​ក្នុង​ការគ្រប់គ្រង និង​ដឹកនាំ​ប្រទេស​នៅក្នុង​អាណត្តិ​ទី​៧​។

​លោក​រដ្ឋមន្ត្រី​បាន​ថ្លែងថា សម្រាប់​អាណត្តិ​ទី​៧​នេះ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់ថា នៅ​ឆ្នាំ​២០២៤ គឺ​ឆ្នាំ​ដែល​យើង​ត្រូវ​ចាប់​ហ្វ្រាំង មានន័យ​ថា ក្រសួង ស្ថាប័ន​ទាំងអស់ ត្រូវ​ពិនិត្យ​វាយ​តម្លៃ​ទៅលើ​អ្វី​ដែល​ក្រសួង ស្ថាប័ន​របស់​ខ្លួន​មាន ហើយ​រៀបចំ​នូវ​ផែនការ​ឱ្យបាន​ច្បាស់លាស់ មុន​នឹង​បន្តដំណើរ​ទៅមុខទៀត​។

​ទន្ទឹមនេះ សម្រាប់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧​នេះ ក៏​បាន​ផ្តោត​លើ​ការងារ​ជា​អាទិភាព​សំខាន់ៗ​ចំនួន​៦ ក្នុងនោះ រួមមាន​៖

*​ទី​១៖ ពាក់ព័ន្ធ​មុខងារសាធារណៈ​
*​ទី​២៖ ការអប់រំ​
*​ទី​៣៖ សុខាភិបាល​
*​ទី​៤៖ កសិកម្ម​
*​ទី​៥៖ ពាក់ព័ន្ធ​ការងារ​
*​ទី​៦៖ ពាក់​ពន្ធ័​ប្រព័ន្ធយុត្តិធម៌​។

​លោក​រដ្ឋមន្ដ្រី​បាន​ថ្លែង​បញ្ជាក់ថា សម្រាប់​មុខងារសាធារណៈ គឺជា​អាទិភាព​១ ស្ថិត​ក្នុង​ដំណើរ​នៃ​ការកែទម្រង់ ទៅ​លើ​ស្ថាប័ន ហើយ​ការគ្រប់គ្រង​ស្ថាប័ន​មួយ​គឺ​ត្រូវ​ផ្តោត​សំខាន់​ទៅលើ​៣ ចំណុច​រួមមាន​៖

*​ទី​១៖ ផ្តោត​លើ​ភាពជា​អ្នកដឹកនាំ មានន័យ​ថា តាំងពី​ថ្នាក់​កំពូល រហូតដល់​ថ្នាក់​ក្រោម គឺ​ចាំបាច់​ត្រូវ​មាន​ភាពជា​អ្នកដឹកនាំ​
*​ទី​២៖ រចនាសម្ព័ន្ធ​ការងារ​ច្បាស់លាស់ មានន័យ​ថា យើង​ស្គាល់​តូ​នាទី និង​ការបែងចែក​តូ​នាទី ភារកិច្ច​ឱ្យបាន​ច្បាស់លាស់

*​ទី​៣៖ ធនធានមនុស្ស ដែល​ចំណុច​ទាំង​៣​នេះ នាំទៅរក​ការដឹកនាំ​ស្ថាប័ន​បាន​រឹងមាំ​។

​រដ្ឋមន្ត្រី​ក៏​បាន​ជម្រាប​ជូន​ផង​ដែរ​ថា សម្រាប់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ រហូតមកដល់​ថ្ងៃនេះ គឺ​មាន​រយៈពេល​៨២​ថ្ងៃ ហើយ​ក្នុងពេល​បន្តបន្ទាប់​មក​នេះ តាម​ក្រសួង ស្ថាប័ន ក៏​ដូចជា​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី តែង​ធ្វើ​ការប្រជុំ​ជាច្រើន​ដង គឺ​ដើម្បី​ដាក់ចុះ​នូវ​គោលនយោបាយ ផែនការ​សកម្មភាព សម្រាប់​ដំណើរការ​រាជរដ្ឋាភិបាល​ថ្មី ឱ្យបាន​កាន់តែ​ល្អ​និង​បន្ត​ទៅមុខ​ទៀត​។

​លោក នេត្រ ភ​ក្ដ្រា បាន​បញ្ជាក់​ឱ្យដឹង​ដែរ​ថា សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី​បាន​ទុកពេល​ឱ្យ​១​ឆ្នាំ ដល់​ក្រសួង ស្ថាប័ន ដើម្បី​ធ្វើ​កំណែទម្រង់រដ្ឋបាល​សាធារណៈ ដែលមាន​៣ ចំណុច​សំខាន់ គឺ​ការពង្រឹង​ស្ថាប័ន ការពង្រឹង​សមត្ថភាព​មន្ត្រី​និង​ការលើកទឹកចិត្ត​។

​លោក​បាន​គូសបញ្ជាក់​អំពី​ចំណុច​សំខាន់ៗ​ដែល​ក្រសួង​ព័ត៌មាន​ត្រូវ​ធ្វើ​ចាប់ពី​ពេលនេះ​ទៅ​គឺ​ការបណ្តុះបណ្តាល និង​ពង្រឹង​ធនធាន​មនុស្ស​ឱ្យបាន​រឹងមាំ ដោយ​ត្រូវ​ប្រមូលម្តុំ​មន្ត្រី​ធ្វើ​ការងារ​ជា​រួម​ឡើងវិញ ក្នុងនោះ ត្រូវ​រៀបចំ​ធនធានមនុស្ស​ឡើងវិញ​ឱ្យមាន​គុណភាព និង​សមត្ថភាព ដើម្បី​បំពេញ​កិច្ច​ការងារ​ឱ្យ​មាន​ប្រសិទ្ធភាព​។

​រដ្ឋមន្ត្រី​ក៏​បាន​បញ្ជាក់បន្ថែម​ថា ដើម្បី​ធ្វើឱ្យ​កិច្ច​ការងារ​ប្រព្រឹត្ដទៅបាន​ដោយ​រលូន គឺ​ត្រូវ​បន្ត​ការធ្វើកំណែទម្រង់​រដ្ឋបាល​សាធារណៈ ដែល​បាន​អនុវត្តន៍​កន្លងមក និង​មាន​កំណត់​ក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ និង​ដាក់​ចេញ​នូវ​វិធានការ​គន្លឹះ​នៅក្នុង​ការកែទម្រង់​រដ្ឋបាល​សាធារណៈ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ ដើម្បី​សម្រេច​ឱ្យ​បាន​លទ្ធផល​ជាក់ស្តែង​ក្នុង​ផ្នែក​គន្លឹះ​នៃ​រដ្ឋបាល​សាធារណៈ ដោយ​ផ្តោត​លើ​ការ​ពង្រឹងគុណភាព ប្រសិទ្ធភាព និង​សមិទ្ធិ​កម្ម របស់​មន្ត្រី និង​ស្ថាប័ន តាមរយៈ​វិធានការ​ជាក់ស្តែង រួម​មាន​ការដាក់​ឱ្យ​អនុវត្ត​ន៍​ប្រព័ន្ធ​ជ្រើសរើស​មន្ត្រី​ឱ្យ​ចូល​បំពេញ​កិច្ច​ការងារ​ប្រកប​ដោយ​គុណា​ធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័​ន្ន និង​ប្រសិទ្ធភាព​។

​លោក នេត្រ ភ​ក្ដ្រា បាន​សង្កត់ធ្ងន់ថា ការពង្រឹង​សមត្ថភាព​និង​សមិទ្ធិ​កម្ម​ស្ថាប័ន​គឺ​ដើម្បី​លើកកម្ពស់​គុណភាព​ការងារ​ប្រកបដោយ​វិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និង​ស័ក្តិសិទ្ធិ​ភាព ហើយ​ការដាក់​ឱ្យ​អនុវត្តន៍ ប្រព័ន្ធ​លើកទឹកចិត្ត​គាំទ្រ​សមិទ្ធិ​កម្ម​ប្រកប​ដោយ​សង្គតិភាព សមធម៌ ប្រសិទ្ធភាព ជា​ពិសេស​អ្វី​សំខាន់​នោះ​គឺ រួម​ចិត្ត រួមគំនិត រួម​សកម្មភាព​។

​ជាមួយគ្នានេះដែរ លោក រស់ ថា​ន់ស​ន រដ្ឋលេខាធិការ ទទួល​បន្ទុក​ដឹកនាំ និង​សម្របសម្រួល​លើ​ការដ្ឋាន​កំណែទម្រង់រដ្ឋបាល​សាធារណៈ នៃ​ក្រសួង​ព័ត៌មាន បាន​ធ្វើ​បទ​បង្ហាញ​អំពី​ទស្សនាទាន​នៃ​ការកែទម្រង់រដ្ឋបាល​សាធារណៈ បទ​បង្ហាញ​ស្តីពី​ជំហាន និង​សកម្មភាព​ដែល​ត្រូវ​អនុវត្តន៍ ក្នុង​គោលបំណង​លើកកម្ពស់​អភិបាលកិច្ច​ល្អ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​ការងារ ដើម្បី​ត្រៀម​លក្ខណៈ​ចូលរួមចំណែក​អនុវត្តន៍​កម្មវិធី​ជាតិ កែទម្រង់រដ្ឋបាល​សាធារណៈ លើ​ការអនុវត្ត​ប្រព័ន្ធ​គ្រប់គ្រង​ផ្អែក​លើ​សមិទ្ធិ​កម្ម​របស់​ក្រសួង​ព័ត៌មាន គឺ​ការដាក់​ឱ្យ​ពិនិត្យមើល​ឡើងវិញ​នូវ​មុខងារ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា កម្មវិធី​ការងារ ផែនការ សកម្មភាព ផែនការ​បុគ្គលិក ថវិកា​តាម​កម្មវិធី ដែល​បាននិងកំពុង​អនុវត្តន៍​។

​រដ្ឋលេខាធិការ​បាន​លើកឡើង​បន្ថែមថា ការកែទម្រង់រដ្ឋបាល​សាធារណៈ​នេះ​គឺ​ដើម្បី​ធ្វើឱ្យ​មាន​សង្គតិភាព​នៃ​ការតាក់តែង​លិខិត​បទដ្ឋាន​គតិយុត្ត ការរៀបចំ និង​ការដាក់​ឱ្យ​អនុវត្តន៍​ឧបករណ៍​ការងារ​គតិ​យុ​ត្ត លើកកម្ពស់​ការយល់ដឹង និង​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​លិខិត​បទដ្ឋាន​គតិយុត្ត ព្រមទាំង​ផ្តល់​ដំណោះស្រាយ​យុត្តិធម៌ ឬ​សមធម៌ ចំពោះ​វិវាទ ឬ​ការតវ៉ា​នានា​ពាក់ព័ន្ធ​នឹង​ដែន​សមត្ថកិច្ច​ក្នុង​ក្របខ័ណ្ឌ​របស់​ក្រសួង​ព័ត៌មាន​ដែលជា​កិច្ចការ​អាទិភាព​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *