ព្រះមហាក្សត្រ​ថ្មី​នៃ​ប្រទេស​ម៉ាឡេស៊ីដែល​ឡើង​សោយរាជ្យ គឺ​ព្រះ​ចៅ​ស៊ូ​ល​តង់​រដ្ឋ Johor

(​កូឡា​ឡាំ​ពួរ​)៖ ព្រះ​ចៅ​ស៊ូ​ល​តង់ Sultan Ibrahim Sultan Iskandar នៃ​រដ្ឋ Johor នៅ​ថ្ងៃ​សុក្រ​នេះ ត្រូវបាន​ថ្នាក់ដឹកនាំ​ត្រកូល​រាជវង្ស​នៅ​ម៉ាឡេស៉ី បាន​បោះឆ្នោត​ជ្រើសរើស ធ្វើ​ជា​ព្រះមហាក្សត្រ​ថ្មី​នៃ​ម៉ាឡេស៊ី សម្រាប់​រយៈពេល​៥​ឆ្នាំ​។ នេះ​បើ​តាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃ​សុក្រ ទី​២៧ ខែតុលា ឆ្នាំ​២០២៣​។

​ការជ្រើសរើស​ខាងលើ​ធ្វើឡើង អំលុង​កិច្ចប្រជុំ​រវាង​ព្រះ​ចៅ​ស៊ូ​ល​តង់​នៃ​រដ្ឋ​ទាំង​៩​របស់​ម៉ាឡេស៉ី​។ ស៊ូ​ល​តង់ Ibrahim នឹង​ឡើង​គ្រងរាជ្យ​បន្ត​ពី​ព្រះមហាក្សត្រ​ម៉ាឡេស៉ី​បច្ចុប្បន្ន គឺ​ស៊ូ​ល​តង់ Al-Sultan Abdullah ដែល​នឹង​ត្រូវ​ផុត​អាណត្តិ​នៅ​ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០២៤​។ ស៊ូ​ល​តង់ Abdullah គឺជា​ព្រះមហាក្សត្រ​ទី​១៦ នៃ​ប្រទេស​ម៉ាឡេស៉ី ហើយ​ទ្រង់​បាន​ឡើង​គ្រងរាជ្យ​កាលពី​ឆ្នាំ​២០១៩ ក្នុង​ព្រះជន្ម​៥៩​ព្រះវស្សា​។

​នីតិវីធី​ជ្រើសរើស​ព្រះមហាក្សត្រ​ម៉ាឡេស៊ី ឈរ​លើ​ប្រព័ន្ធ​ផ្លាស់ប្តូរ​វេន​គ្នា រវាង​ស៊ូ​ល​តង់​ទាំង​៩​អង្គ ខណៈ​លំដាប់លំដោយ នៃ​វេន​ដែល​ត្រូវ​ផ្លាស់ប្តូរ គឺ​រដ្ឋ Negeri Sembilan, Selangor, Perlis, Terengganu, Kedah, Kelantan, Pahang, Johor និង​បន្ទាប់មក Perak​។ រីឯ​រដ្ឋ​៤​ទៀត​របស់​ម៉ាឡេស៉ី រួមមាន Melaka, Penang, Sabah និង Sarawak គឺ​មិន​មាន​ស៊ូ​ល​តង់​គ្រប់គ្រង​ទេ​។ ទោះបី វា​ជា​ប្រព័ន្ធ​ផ្លាស់ប្តូរ​វេន​គ្នា​តាម​លំដាប់​ក៏ដោយ ព្រះមហាក្សត្រ​ម៉ាឡេស៉ី​មួយអង្គៗ នៅ​តែ​ត្រូវ​ឆ្លងកាត់​ការបោះឆ្នោត​ជ្រើសរើស​។ ដើម្បី​ត្រូវបាន​ជ្រើសរើស​ព្រះមហាក្សត្រ ព្រះនាម​របស់​ស៊ូ​ល​តង់​ដែល​ដល់​វេន ត្រូវការ​សំឡេង​គាំទ្រ​ភាគច្រើន គឺ​យ៉ាងហោច​៥​សំឡេង ក្នុងចំណោម​៩​សំឡេង​។

​គួរបញ្ជាក់​ថា ម៉ាឡេស៊ីគឺជា​ប្រទេស​ប្រជាធិបតេយ្យ​អាស្រ័យ​សភា ដោយ​មាន​ព្រះមហាក្សត្រ​ជា​ប្រមុខរដ្ឋ​។ រដ្ឋធម្មនុញ្ញ​សហព័ន្ធ​ម៉ាឡេស៉ី បាន​ផ្តល់​ឱ្យ​ព្រះមហាក្សត្រ នូវ​អំណាច​មួយចំនួន ដូច​ជា​ការ​អនុញ្ញាត​ឱ្យ​ទ្រង់​តែងតាំង​នាយករដ្ឋមន្ត្រី បើ​ទ្រង់​ជឿជាក់ថា អ្នកនយោបាយ​រូបនោះ អាច​ក្តោប​ក្តាប់​សំឡេង​ភាគច្រើន​ក្នុង​សភា​។ អំណាច​នោះ មិន​ធ្លាប់​ត្រូវបាន​ប្រើប្រាស់​ឡើយ រហូត​ទាល់តែ​ក្នុង​ឆ្នាំ​២០២០ អំលុងពេល​ដែល​ម៉ាឡេស៉ី​ចាប់ផ្តើម ធ្លាក់​ក្នុង​វិបត្តិ​អស្ថិរភាព​នយោបាយ ដ្បិត​ជាទូទៅ​នាយករដ្ឋមន្ត្រី ត្រូវបាន​ជ្រើសរើស តាមរយៈ​ការបោះឆ្នោត​សកល​។ នាយករដ្ឋមន្ត្រី​ម៉ាឡេស៉ី​៣​រូប​ចុងក្រោយ គឺ​ត្រូវបាន​ជ្រើសរើស​ដោយ​ព្រះមហាក្សត្រ​បច្ចុប្បន្ន​។ ទ​ន្នឹម​គ្នា ព្រះមហាក្សត្រ​ម៉ាឡេស៉ី ក៏​មាន​សិទ្ធិ​ផ្តល់​ការ​ព្រះរាជទាន​លើកលែងទោស ដល់​អ្នក​ទោស​ផង​ដែរ​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *