ព្រះអង្គម្ចាស់​រជ្ជទាយាទ​អា​រ៉ាប៊ីសាអូឌីត ប្រាប់​មេដឹកនាំ​អង់គ្លេស​ថា ការវាយប្រហារ​លើ​ជន​ស៊ីវិល នៅ​ហ្កា​ហ្សា គឺជា​បទឧក្រិដ្ឋ​ដ៏​ឃោរឃៅ​បំផុត

(​រី​យ៉ាដ​)៖ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ ព្រះអង្គម្ចាស់​រជ្ជទាយាទ​អា​រ៉ាប៊ីសាអូឌីត មហាំម៉ាត់ ប៊ីន សាល់​ម៉ាន បាន​មាន​ព្រះបន្ទូល​ទៅកាន់​មេដឹកនាំ​អង់គ្លេស​ថា ការវាយប្រហារ​ដែលមាន​គោលដៅ លើ​ជន​ស៊ីវិល នៅក្នុង​តំបន់​ហ្កា​ហ្សា គឺជា​បទឧក្រិដ្ឋ​ដ៏​ឃោរឃៅ​បំផុត និង​ព្រមាន​ពី​ផលវិបាក​ដ៏​គ្រោះថ្នាក់ ប្រសិនបើ​សង្គ្រាម​អ៉ីស្រាអែល និង​ហា​ម៉ាស ផ្ទុះ​រាលដាល​កាន់តែ​ធំ​។ បន្ទូល​នេះ​ចង់​សំពង​ក្បាល​មេដឹកនាំ​អង់គ្លេស​ដែល​ជា​ជនជាតិ​ឥណ្ឌា​ដែល​ប្រកាស​គាំទ្រ​អ៊ីស្រាអែល​ចំពោះ​ការឈ្លានពាន​ប្លន់​ទឹកដី សម្លាប់​ពលរដ្ឋ​ប៉ាឡេ​ស្ទីន​យ៉ាង​សាហាវ​បំផុត​។​នេះ​បើ​តាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AFP នៅ​ថ្ងៃ​សុក្រ ទី​២០ ខែតុលា ឆ្នាំ​២០២៣​។

​ព្រះអង្គម្ចាស់ ប៊ីន សាល់​ម៉ាន មាន​ព្រះបន្ទូល​បែបនេះ នៅក្នុង​ជំនួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​អង់គ្លេស លោក Rishi Sunak ដែល​បំពេញ​ទស្សនកិច្ច​ក្នុង​ទីក្រុង រី​យ៉ាដ បន្ទាប់ពី​ធ្វើ​ទស្សនកិច្ច​នៅ​អ៉ីស្រាអែល ដើម្បី​ជំរុញ​ឱ្យ​មាន​ការបើក​ច្រក​ផ្ដល់​ជំនួយ​មនុស្សធម៌​ចូលទៅក្នុង​តំបន់​ហ្កា​ហ្សា​។ ក្នុងជំនួប​នោះ ព្រះអង្គម្ចាស់​រជ្ជទាយាទ ក៏​បាន​អះអាង​ឡើង​វិញ​ផង​ដែរ​ថា​អា​រ៉ាប៊ីសាអូឌីត ចាត់ទុក​ការវាយប្រហារ​ដែលមាន​គោលដៅ​លើ​ជន​ស៊ីវិល​ក្នុង​តំបន់​ហ្កា​ហ្សា ជា​បទឧក្រិដ្ឋ​ដ៏​ឃោរឃៅ និង​បាន​សង្កត់ ធ្ងន់​ពី​ភាពចាំបាច់​ក្នុង​ការផ្ដល់​ការ​គាំពារ​ដល់​ជន​ស៊ីវិល​។

​គួរបញ្ជាក់​ថា បើ​តាម​សេចក្ដីថ្លែងការណ៍​មួយ​ចេញផ្សាយ​ដោយ​ការិយាល័យ​នាយករដ្ឋមន្ត្រី​អង់គ្លេស លោក Sunak និង​ព្រះអង្គម្ចាស់ ប៊ីន សាល់​ម៉ាន បាន​ឯកភាពគ្នា ថា​ការបាត់បង់​អាយុជីវិត​ជន​ស៊ីវិល ទាំង​នៅ​អ៉ីស្រាអែល និង​ហ្កា​ហ្សា ក្នុង​រយៈពេល​ជាង ២​សប្ដាហ៍​មក​នេះ​គឺជា​រឿង​រន្ធត់​ជា​ទីបំផុត និង​បាន​លើកឡើង​ពី​ភាពចាំបាច់ នៃ​ការបើក​ច្រក​មនុស្សធម៌​ទៅ​ក្នុង​តំបន់​ហ្កា​ហ្សា ដើម្បី​ផ្ដល់​ជំនួយ​បន្ទាន់​ដូចជា​ទឹក ចំណីអាហារ និង​ថ្នាំពេទ្យ​៕​

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *