រយ​:​ពេល​២៤​ម៉ោង យោធា​ឈ្លានពាន​អ៊ីស្រាអែល​បាញ់សម្លាប់​ប្រជាជន​ប៉ាឡេ​ស្ទីន​ស្លូតត្រង់​ប្រមាណ ៣០០​នាក់​ដែល​ភាគច្រើន​ជា​កុមារ និង​ស្ត្រី

(​យ៉េ​រូ​សឡឹម​)៖​ត្រឹមតែ​រយ​:​ពេល​២៤​ម៉ោង​ប៉ុណ្ណោះ គិត​ពេល​ថ្ងៃនេះ យោធា​ឈ្លានពាន​អ៊ីស្រាអែល​បាន​បាញ់សម្លាប់​ប្រជាជន​ប៉ាឡេ​ស្ទីន​ស្លូតត្រង់​យ៉ាង​រង្គាល​ប្រមាណ​ជា​៣០០​នាក់​ដែល​ភាគច្រើន​ជា​កុមារ និង​ស្ត្រី ហើយ​មនុស្ស​ជាង​៨០០ នាក់​ផ្សេង​ទៀត បាន​រងរបួស​នៅ​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប​។ នេះ​បើ​យោង​តាម​អ្វី​ដែល​អាជ្ញាធរ​សុខាភិបាល​ក្នុង​តំបន់​បានប្រកាស និង​ចុះ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AFP នៅ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២៣​។

​អាជ្ញាធរ​ហ្គា​ហ្សា​បាន​និយាយថា មនុស្ស​ជាង ២,២០០​នាក់​ត្រូវបាន​សម្លាប់ ដែល​មួយ​ភាគ​បួន​នៃ​ពួក​គេ​ជា​កុមារ ហើយ​ជិត ១០,០០០ នាក់​ផ្សេងទៀត​បាន​រងរបួស ជា​លទ្ធផល​នៃ​ការវាយប្រហារ​តាម​អាកាស និង​ការបាញ់​ផ្លោង​របស់​អ៊ីស្រាអែល​គិត​ត្រឹម​ថ្ងៃ​សៅរ៍​។ ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​ស្វែងរក​អ្នក​នៅ​រស់រាន​មានជីវិត ពី​ការវាយប្រហារ​តាម​ផ្លូវអាកាស​យ៉ាង​អស់សង្ឃឹម​។

​គួរបញ្ជាក់​ថា អ៊ីស្រាអែល​បាន​បើក​ការទម្លាក់​គ្រាប់បែក​ដ៏​ច្រើន​បំផុត​មិន​ធ្លាប់​មាន​លើ​តំបន់​ហ្គា​ហ្សា ដែល​ប្រជាជន​ប៉ាឡេ​ស្ទីន ២.៣ លាន​នាក់ និង​បាន​ដាក់​ការឡោមព័ទ្ធ​លើ​តំបន់​ជុំវិញ ដើម្បី​ឆ្លើយតប​ចំពោះ​ការវាយប្រហារ​របស់​ក្រុម​សកម្មប្រយុទ្ធ​ហា​ម៉ាស លើ​ទីប្រជុំជន​អ៊ីស្រាអែល​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​កន្លងទៅ ដែល​បាន​សម្លាប់​មនុស្ស ១,៣០០​នាក់ ដែល​ភាគច្រើន​ជន​ស៊ីវិល​។

​ខណៈ​ដែល​កងកម្លាំង​អ៊ីស្រាអែល​បាន​ត្រៀមលក្ខណៈ សម្រាប់​ការវាយលុក​តាម​ផ្លូវគោក​ចូល​តំបន់​ហ្គា​ហ្សា ដែល​គ្រប់គ្រង​ដោយ​ក្រុម​ហា​ម៉ាស​កាលពី​ថ្ងៃអាទិត្យ ក្រុមមន្ត្រី​បាន​និយាយថា មនុស្ស​ប្រហែល​មួយ​លាន​នាក់​ត្រូវបាន​គេ​រាយការណ៍​ថា បាន​ចាកចេញ​ពី​ផ្ទះ​របស់​ពួកគេ​រហូត​មកដល់ពេលនេះ​។

​ចំណែកឯ ក្រុម​ហា​ម៉ា​សបាន​ប្រាប់​ប្រជាជន​កុំ​ឱ្យ​ចាកចេញ ដោយ​និយាយ​ថា​ផ្លូវ​មិន​មាន​សុវត្ថិភាព​ទេ​។ អ្នកស្រុក​ខ្លះ​បាន​និយាយថា ពួកគេ​នឹង​មិន​ចាក​ចេញ​ទេ​ព្រោះ​ពួក​គេ​ចង​ចាំ​ «​មហន្តរាយ​» ​នៃ​ឆ្នាំ​១៩៤៨ កំឡុង​សង្គ្រាម​បង្កើត​របស់​រដ្ឋ​អ៊ីស្រាអែល នៅពេល​ដែល​ប្រជាជន​ប៉ាឡេ​ស្ទីន​ជាច្រើន​ត្រូវបាន​បង្ខំ​ឱ្យ​ចាក​ចេញពី​ផ្ទះ​របស់​ពួកគេ​៕​

You might like

Leave a Reply

Your email address will not be published. Required fields are marked *