វាយប្រហារ​គ្រាប់បែក​អត្តឃាត​នៅក្បែរ​ក្រសួង​មហាផ្ទៃ​ប្រទេស​តួ​ក​គី ,​នគរបាល​ចាប់ខ្លួន​ខ្លួន​មនុស្ស​រាប់​សិប​នាក់

(​អង់កា​រ៉ា​)៖ ​ក្រោយ​មាន​ការវាយប្រហារ​ដោយ​គ្រាប់បែក​អត្តឃាត​នៅក្បែរ​ក្រសួង​មហាផ្ទៃ​នៃ​ប្រទេស​តួ​ក​គី ភ្លាម​នោះ​កម្លាំង​នគរបាល​បាន​ចេញ​អន្តរាគមន៍​ភ្លាមៗ​ដោយ​ចាប់ខ្លួន​មនុស្ស​សង្ស័យ​យ៉ាងតិច​៦៧​នាក់​នៅ​ទូទាំង​ប្រទេស​តួ​ក​គី​នៅ​ថ្ងៃ​អង្គារ​នេះ​។​  នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន AFP នៅ​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០២៣​។

​រដ្ឋមន្ត្រី​មហាផ្ទៃ លោក Ali Yerlikaya បាន​និយាយថា ប៉ូលីស​បានធ្វើការ​វាយឆ្មក់​នៅក្នុង​ខេត្ត​ចំនួន ១៦ របស់​ប្រទេស​តួ​ក​គី ហើយ​បាន​ចាប់ខ្លួន​មនុស្ស​ចំនួន ៥៥​នាក់​ដែល​សង្ស័យ​ថា​ជា​ផ្នែក​របស់​ក្រុម​ស៊ើបការណ៍ នៃ​គណបក្ស​ពលករ​ឃឺ​ដ (PKK)​។ លោក Yerlikaya បាន​សរសេរ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដូច្នេះ​ថា យ៉ាងហោច​ណាស់​មនុស្ស ១២ នាក់​ផ្សេង​ទៀត​ដែល​សង្ស័យ​ថា ជា​សមាជិក PKK ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ប្រតិបត្តិការ​ដាច់ដោយឡែក​មួយ នៅក្នុង​ខេត្ត​ចំនួន ៥​។

​គណបក្ស​ពលករ​ឃឺ​ដ (PKK) បាននិងកំពុង​ដឹកនាំ​ការបះបោរ អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មក​ហើយ​នៅក្នុង​ប្រទេស​តួ​ក​គី ហើយ​ត្រូវបាន​ចាត់ទុក​ថា​ជា​អង្គការ​ភេរវកម្ម​ដោយ​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​។ មនុស្ស​រាប់​ម៉ឺន​នាក់​បាន​ស្លាប់​ចាប់តាំងពី​ជម្លោះ​បាន​ចាប់ផ្តើម​នៅ​ឆ្នាំ ១៩៨៤​។

​គួរបញ្ជាក់​ថា កាលពី​ថ្ងៃអាទិត្យ អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ម្នាក់​បាន​បំផ្ទុះ​គ្រាប់បែក នៅ​ជិត​ច្រកចូល​ក្រសួងមហាផ្ទៃ ប៉ុន្មាន​ម៉ោង​មុនពេល​ដែល​លោក​ប្រធានាធិបតី Recep Tayyip Erdogan ត្រូវ​មក​ថ្លែង​សុន្ទរកថា​នៅ​សភា​ក្រោយ​ឈប់សម្រាក​រដូវក្តៅ​។ អ្នក​វាយប្រហារ​ម្នាក់ទៀត ត្រូវបាន​បាញ់សម្លាប់​នៅ​ក្នុង​ការបាញ់ប្រហារ​ជាមួយ​ប៉ូលីស ខណៈ​ប៉ូលិស​ពីរ​នាក់​បាន​រងរបួស​ស្រាល​ក្នុង​ការវាយប្រហារ​នោះ​។

​យោង​តាម​គេហទំព័រ​ព័ត៌មាន​ជិតស្និទ្ធ​នឹង​ក្រុម​នេះ បានឱ្យដឹងថា គណបក្ស​ពលករ​ឃឺ​ដ​បាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ ខណៈ​ដែល​អាជ្ញាធរ​តួ​ក​គី​បានកំណត់​អត្តសញ្ញាណ​អ្នក​វាយប្រហារ​ម្នាក់​ថា​ជា​អ្នក​ប្រយុទ្ធ PKK ។ ប៉ុន្មាន​ម៉ោង​ក្រោយមក កងទ័ពអាកាស​តួ​ក​គី បាន​ធ្វើ​ការវាយប្រហារ​តាម​អាកាស​ទៅ​លើ​ទីតាំង​ដែល​សង្ស័យ​ថា ជាទី​តាំង​របស់ PKK នៅ​ភាគ​ខាងជើង​ប្រទេស​អ៊ីរ៉ាក់​៕​

You might like

Leave a Reply

Your email address will not be published. Required fields are marked *