​បងប្អូន​ខ្មែរ​ឥស្លាម​រៃអង្គាស​ថវិការ ជួយ​ពលរដ្ឋ​ម៉ា​រុក​ដែល​រងគ្រោះ​ដោយ​គ្រោះ​រញ្ជួញ​ដី

(​ភ្នំពេញ​)៖ បងប្អូន​ខ្មែរ​ស្លាម​មួយក្រុម​ដែល​មាន​លោក សេត មូ​ហាំ​ម៉ាត់ស៊ី​ស រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​ជា​ប្រធាន​ក្រុម បាន​រៃអង្គាសប្រាក់​គ្នា​បាន​ប្រមាណ ១,២០៥​ដុល្លារ ធ្វើ​សប្បុរសធម៌​ជូន​ទៅ​ប្រជាពលរដ្ឋ​ម៉ា​រុក ដែល​រងគ្រោះ​ដោយ​គ្រោះ​រញ្ជួញ​ដី​កាលពី​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០២៣​កន្លងទៅ​។ ជំនួយ​នេះ​ផ្ដល់​តាមរយៈ​អង្គការ​សប្បុរសធម៌​ចាន់​ស៊ូ​យូ​។

​លោក សេត មូ​ហាំ​ម៉ាត់ស៊ី​ស បាន​ប្រាប់ Fresh News ថា បន្ទាប់ពី​លោក​ឃើញ​ពលរដ្ឋ​ម៉ា​រុក​ជួប​ការលំបាក​នេះ លោក​ក៏​បាន​ធ្វើ​សកម្មភាព​រៃអង្គាស​ថវិកា​។ ការ​រៃអង្គាស​នេះ ដើម្បី​ជួយ​សម្រាល​ការលំបាក​ពលរដ្ឋ​ម៉ា​រុក​។ មួយ​វិញ​សកម្មភាព​នេះ ជា​ស្មារតី​នៃ​ការជួយ​គ្នា​រវាង​ពលរដ្ឋ​កម្ពុជា និង​ម៉ា​រុក​។

​តាមរយៈ​ការអំពាវនាវ​លើ​បណ្តាញ​សង្គម​មាន​ប្រជា​ពលរដ្ឋ​ខ្មែរ​ប្រមាណ ៦១​នាក់ ចូលរួម​ក្នុង​សកម្មភាព​មនុស្សធម៌​ឆ្លង​ទ្វីប​នេះ ហើយ​ប្រមូល​ថវិកា​បាន​១,២០៥​ដុល្លារ​។ ថវិកា​បាន​វេរ​ទៅ​អង្គការ​សប្បុរសធម៌​ចាន់​ស៊ូ​យូ នៅ​ប្រទេស​ម៉ា​រុក ហើយ​អង្គការ​ក៏​បាន​យក​ទៅ​ចាត់ចែង​ទិញ​គ្រឿងឧបភោគ​បរិភោគ​ជូន​ដល់​ប្រជាពលរដ្ឋ​ម៉ា​រុក ដែល​កំពុង​រងគ្រោះ​។

​បច្ចុប្បន្ន​កញ្ចប់​ជំនួយ​ត្រូវបាន​យក​ទៅ​ចែកជូន​ដល់​ដៃ​ប្រជាពលរដ្ឋ​ម៉ា​រុក​ហើយ នៅលើ​កញ្ចប់​ជំនួយ​នោះ បាន​រំលេច​រូប​ទង់ជាតិ​របស់​កម្ពុ​ជា​ផងដែរ​។ តាមរយៈ​កញ្ចប់​ជំនួយ​នេះ ទោះបី​មាន​ទំហំ​តិចតួច​យ៉ាង​ក្តី តែ​ក៏​បាន​បង្ហាញ​ពី​បេះដូង​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុង​ការចូលរួម​ចែករំលែក​ក្តីលំបាក​នានា ជាមួយ​ប្រជាពលរដ្ឋ​នៅលើ​ពិភពលោក​។

​តំណាង​អង្គការ​សប្បុរសធម៌​ចាន់​ស៊ូ​យូ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​បាន​ចូលរួម​ចែករំលែក​ការលំបាក​ជា​មួយ​ប្រជាពលរដ្ឋ​ម៉ា​រុក​។

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០២៣​កន្លងទៅនេះ ប្រទេស​ម៉ា​រុក​ជួប​គ្រោះ​រញ្ជួយ​ដី​កម្រិត ៦.៨​រ៉ិ​ចទ័​រ​។ គ្រោះ​រញ្ជួយ​ដី​នេះ បាន​បង្ក​ការ​រំ​ញ័រ​ចាប់​ពី​ទីក្រុង​រ៉ា​បា ស្ថិត​នៅ​ភាគ​ខាងជើង រហូត​ដល់​ទីក្រុង​ស៊ី​ឌី អ៉ី​ហ្វ​នី (Sidi Ifni) ស្ថិត​នៅ​ភាគខាងត្បូង និង​ទីក្រុង​ជាច្រើន​ទៀត​។ គ្រោះ​រញ្ជួយ​ដី​ដ៏​ខ្លាំង​នេះ បណ្តាល​មនុស្ស​រាប់ពាន់​នាក់​បាន​ស្លាប់ និង​របួស​។

​លោក សេត មូ​ហាំ​ម៉ាត់ស៊ី​ស បានបញ្ជាក់​ថា លោក​មិន​ទាន់​បញ្ចប់​ការ​រៃអង្គាស​ថវិកា​ជួយ​ដល់​ពលរដ្ឋ​ម៉ា​រុក​នោះទេ​។ នៅពេល​នេះ​លោក នៅតែ​បន្ត​ទទួល​ការបរិច្ចាគ​របស់​សប្បុ​រ​សជន ហើយ​នៅពេល​បាន​ច្រើន​លោក​នឹង​បញ្ជូនបន្ត​ទៅ​អង្គការ​សប្បុរសធម៌​ចាន់​ស៊ូ​យូ​។

​លោកអ្នក​ចង់​ចូលរួម​ក្នុង​សកម្មភាព​មនុស្សធម៌​នេះ អាច​បរិច្ចាគ​តាម​គណនី​ធនាគារ ABA៖ 012506729 ( SET MUHAMMADSIS)៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *