​រជ្ជទាយាទ​អា​រ៉ាប៊ីសាអូឌីត ថា​ការភ្ជាប់​ទំនាក់ទំនង​ជា​ប្រក្រតី​ជាមួយ អ៊ីស្រាអែល កាន់តែ​ខិត​ជិត​មក​ដល់

(​រី​យ៉ាដ​)៖ ការភ្ជាប់​ទំនាក់ទំនង​ជា​ប្រក្រតី​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​អ៊ីស្រាអែល កាន់តែ​ជិត​មក​ដល់ ,​ហើយក៏​បាន​ព្រមាន​ដែរ​ថា​អា​រ៉ាប៊ីសាអូឌីត​អាចនឹង​ស្វែងរក​អាវុធ នុយក្លេអ៊ែ​រ ប្រសិនបើ​អ៊ីរ៉ង់​មាន​អាវុធ​នុយក្លេអ៊ែរ​។ នេះ​ជា​បន្ទូល​របស់​ព្រះអង្គម្ចាស់​រជ្ជទាយាទ​អា​រ៉ាប៊ីសាអូឌីត មហាំម៉ាត់ ប៊ីន សាល់​ម៉ាន នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ ។ នេះ​បើ​តាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AFP នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ ខែ​កញ្ញា ឆ្នាំ​២០២៣​។

​ព្រះអង្គម្ចាស់ ប៊ីន​សាល់​ម៉ាន ធ្វើ​ការកត់សម្គាល់​ខាងលើ នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ Fox News ជាមួយ​ការច្រានចោល​ព័ត៌មាន​ដែរ​ថា អា​រ៉ាប៊ីសាអូឌីត បាន​ផ្អាក​កិច្ច​ចរចា​ជាមួយ​អ៊ីស្រាអែល ក្រោម​ការសម្របសម្រួល​ពី​សហរដ្ឋអាមេរិក​។ ព្រះអង្គម្ចាស់​រជ្ជទាយាទ​បាន​គូសបញ្ជាក់​ដូច្នេះ​ថា «​យើង​កាន់តែ​ខិត​ជិត​គ្នា​ពី​មួយថ្ងៃ​ទៅមួយថ្ងៃ​»​។ ប៉ុន្តែ ព្រះអង្គ​បាន​សង្កត់ធ្ងន់ថា​អា​រ៉ាប៊ីសាអូឌីត​ចង់ឃើញ​ភាព​រីកចម្រើន​បន្ថែម​ចំពោះ​ការធានា​សិទ្ធិ សេរីភាព​របស់​ប្រជាជន​ប៉ាឡេ​ស្ទីន ខណៈ​រដ្ឋាភិបាល​ស្ដាំនិយម​ជ្រុល​របស់​លោក​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu កំពុង​បន្ត​សង់ លំនៅដ្ឋាន​ខុសច្បាប់​នៅក្នុង​តំបន់ West Bank​។

«​សម្រាប់​យើង បញ្ហា​ប៉ាឡេ​ស្ទីន គឺជា​រឿង​សំខាន់បំផុត​។ យើង​ត្រូវ​ការដោះស្រាយ​បញ្ហា​នេះ​ឱ្យបាន​។ យើង​ត្រូវ​ធ្វើឱ្យ​ជីវភាព​របស់​ប្រជាជន​ប៉ាឡេ​ស្ទីន មាន​ភាពល្អប្រសើរ​»​។ នេះ​ជា​ការ​បន្ថែម​របស់​ព្រះអង្គម្ចាស់​ប៊ីន​សាល់​ម៉ាន​។

​គួរបញ្ជាក់​ថា មកទល់​នឹង​បច្ចុប្បន្ន អ៊ីស្រាអែល បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជា​ប្រក្រតី​ជាមួយ​ប្រទេស​អារ៉ាប់​ចំនួន​៥ ប៉ុន្តែ​ការភ្ជាប់​ទំនាក់ទំនង​ជា​មួយ អា​រ៉ាប៊ីសាអូឌីត គឺ​ជា​គោលដៅ​ធំ​បំផុត​របស់​អ៊ីស្រាអែល ដ្បិត​អា​រ៉ាប៊ីសាអូឌីត​ត្រូវបាន​គេ​ចាត់ទុកថា​ជា​មេដឹក​នាំ​អ៊ីស្លាម​នៅលើ​ពិភពលោក​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *