UPDATE: ពលរដ្ឋ​លី​ប៊ី​ស្លាប់​កើនឡើង​៥​ពាន់​នាក់ និង​រាប់ពាន់​នាក់​ទៀត​នៅ​បន្ត​បាត់​ខ្លួន ក្នុង​គ្រោះ​ទឹកជំនន់​ដ៍​អាក្រក់​បំផុត​មួយ

(​ដឺ​ណា​)៖ ​ចំនួន​អ្នក​ស្លាប់​ដោយសារ​ទឹកជំនន់​ដែល​បាន​វាយប្រហារ​ទីក្រុង Derna នៅ​ភាគ​ខាងកើត​ប្រទេស​លី​ប៊ី​កាលពី​ពេល​ថ្មីៗ​នេះ បាន​ឡើងដល់​ជាង ៥,០០០​នាក់​ហើយ​ត្រូវបាន​គេ​រំពឹងថា​នឹង​កើនឡើង​បន្ថែម​ទៀត ខណៈ​អាជ្ញាធរ​បាន​ព្យាយាម​ប្រឹងប្រែង​ក្នុង​ការផ្តល់​ជំនួយ​ដល់​ទីក្រុង​ឆ្នេរសមុទ្រ ដែល​មនុស្ស​រាប់ពាន់​នាក់​នៅ​បន្ត​បាត់​ខ្លួន និង​រាប់ម៉ឺន​នាក់​គ្មាន​ផ្ទះសម្បែង​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន AFP នៅ​ថ្ងៃ​ពុធ ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២៣​។

​លោក Osama Ali អ្នកនាំពាក្យ​នៃ​មជ្ឈមណ្ឌល​សង្គ្រោះ​បន្ទាន់ នៅ​ភាគ​ខាងកើត​ប្រទេស​លី​ប៊ី​បាន​និយាយថា យ៉ាងហោច​ណាស់​មាន​មនុស្ស​ស្លាប់​ចំនួន ៥,១០០​នាក់​ហើយ ត្រូវបាន​កត់ត្រា​នៅក្នុង​ទីក្រុង Derna រួម​ជាមួយនឹង​មនុស្ស​ប្រហែល ១០០​នាក់​ផ្សេង​ទៀត នៅ​កន្លែង​ផ្សេងទៀត​នៅ​ភាគ​ខាងកើត​ប្រទេស​លី​ប៊ី​។

​លោក​បាន​ប្រាប់​សារព័ត៌មាន The Associated Press តាម​ទូរ​សព្ទ​ថ្ងៃ​ពុធ​នេះ​ដូច្នេះ​ថា មនុស្ស​ជាង ៧,០០០​នាក់​បាន​រងរបួស​នៅក្នុង​ទីក្រុង​នេះ ដែល​ភាគច្រើន​បាន​ទទួល​ការព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​វាល​ដែល​អាជ្ញាធរ និង​ភ្នាក់ងារ​ជំនួយ​បាន​បង្កើតឡើង​។

​គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​អង្គារ បុគ្គលិក​សង្គ្រោះបន្ទាន់​បាន​រកឃើញ​សាកសព​ជាង ១,៥០០ នៅក្រោម​គំនរ​បាក់បែក​នៅ ក្នុង​ទីក្រុង Derna ភាគ​ខាងកើត​ប្រទេស​លី​ប៊ី​។ រូបភាព​ផ្កាយរណប​បង្ហាញ​មុន និង​ក្រោយ​ទឹកជំនន់ ដែល​បង្ហាញ​ពី​ទំហំ​នៃ​ការបំផ្លិចបំផ្លាញ​នៅក្នុង​ទីក្រុង​មួយ​នេះ ដែល​មាន​ប្រជាជន​ច្រើនជាង ១២០,០០០ នាក់​។

​យោង​តាម​អង្គការ​អន្តរជាតិ​សម្រាប់​ការធ្វើ​ចំណាកស្រុក​បានឱ្យដឹងថា សោកនាដកម្ម​នេះ​បាន​ធ្វើឱ្យ​មនុស្ស​យ៉ាងតិច ៣០,០០០​នាក់ ត្រូវ​ភៀសខ្លួន​នៅក្នុង​ប្រទេស​ដែល​ហែកហួរ​ដោយ​សង្គ្រាម​ស៊ីវិល​រយៈពេល​មួយ​ទសវត្សរ៍​មួយ​នេះ​៕​

You might like

Leave a Reply

Your email address will not be published. Required fields are marked *