(រ៉ាបា)៖ ចូលរួមរម្លែកូក្ខដល់ពលរដ្ឋម៉ារ៉ុក , ក្រោយគ្រោះរញ្ជួយដីដ៍អាក្រក់បានវាយប្រហាររួចមក ,ចំនួនអ្នកស្លាប់ បានបន្តកើនឡើងដលលើស២,០០០នាក់ហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១០ ខែកញ្ញា ឆ្នាំ២០២៣។
ក្រសួងមហាផ្ទៃម៉ារ៉ុកបានឱ្យដឹងនៅថ្ងៃអាទិត្យនេះថា មនុស្សកើនដល់២,០១២នាក់ហើយ ត្រូវបានសម្លាប់ និង២,០៥៩នាក់ផ្សេងទៀត បានទទួលរងរបួស ក្នុងនោះមាន១,៤០៤នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ បើតាមទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដីអាមេរិក USGS ចំណុចរំញ័រកណ្តាលនៃគ្រោះរញ្ជួយដីខាងលើ ស្ថិតនៅក្បែរទីក្រុង អ៊ូកៃមេឌិន (Oukaimeden) នៃតំបន់ភ្នំអាត់ឡាស់ (Atlas) ចម្ងាយ៧៥គីឡូម៉ែត្រពីទីក្រុងម៉ារ៉ាកេស (Marakech) ជាទីក្រុងធំលំដាប់ទី៤ និងជាទីក្រុងប្រវត្តិសាស្ត្ររបស់ប្រទេសម៉ារ៉ុក។
គួរបញ្ជាក់ថា គ្រោះរញ្ជួយដីខាងលើ មានជម្រៅ១៨.៥គីឡូម៉ែត្រក្រោមផ្ទៃដី ដែលជាទូទៅមានលទ្ធភាពបង្កការបំផ្លិចបំផ្លាញខ្លាំងធ្ងន់ធ្ងរ ជាងគ្រោះរញ្ជួយដី ដែលមានកម្រិតរ៉ិចទ័រដូចគ្នាប៉ុន្តែមានជម្រៅជ្រៅៗ។ វាគឺជាគ្រោះរញ្ជួយផែនដី ដែលផ្តាច់ជីវិតមនុស្សច្រើនជាងគេបំផុត នៅក្នុងប្រទេសអាហ្វ្រិកខាងជើងមួយនេះ គិតចាប់តាំងពីឆ្នាំ១៩៦០មក នៅពេលដែលគ្រោះរញ្ជួយដីមួយ បានសម្លាប់មនុស្សយ៉ាងហោច ១២,០០០នាក់៕